អ្វីដែលអ្នកគួរស្វែងយល់ មុនពេលទទួលការប៉ាក់ និងផ្លុំចិញ្ចើមពីអ្នកជំនាញ

ការប៉ាក់ និងផ្លុំចិញ្ចើម គឺវិធីសាស្រ្ដកែសម្ផស្សម្យ៉ាង ដែលអះអាងថា នឹងធ្វើឱ្យរូបរាងចិញ្ចើមរបស់អ្នកកាន់តែស្រស់ស្អាត និងក្រាស់ជាងមុន ។ គេអាចហៅវិធីសាស្រ្ដកែសម្ផស្សនេះបានពីរយ៉ាងទៀតគឺ feather touch ឬ Micro-Stroking។

ការប៉ាក់ និងផ្លុំចិញ្ចើម ធ្វើឡើងដោយអ្នកបច្ចេកទេស ដែលទទួលបានការបណ្ដុះបណ្ដាលផ្នែកនេះត្រឹមត្រូវ និងមានជំនាញច្បាស់លាស់ ។ អ្នកបច្ចេកទេសទាំងនោះ មាន ឬពុំមានអាជ្ញាបណ្ណអនុញ្ញាតអោយអនុវត្ដនូវការព្យាបាលសម្ផស្សនេះ ដោយអាស្រ័យទៅលើប្រទេស ដែលអ្នកបច្ចេកទេសទាំងនោះបម្រើការ ។ អ្នកបច្ចេកទេស ប្រើឧបករណ៍ពិសេសគូរទៅលើចិញ្ចើមរបស់អ្នក ដោយការប្រុងប្រយ័ត្ន និងយកចិត្ដទុកដាក់ ។ វិធីសាស្រ្ដកែសម្ផស្សនេះ  ត្រូវរួមផ្សំស្នាមឆ្នូតតូចៗរាប់រយ បង្កើតបានជាទម្រង់ចិញ្ចើម ដែលមើលទៅដូចនឹងរោមចិញ្ចើមរបស់អ្នកតែម្ដងអញ្ចឹង ។ ការប៉ាក់ និងផ្លុំចិញ្ចើម ផ្ដល់លទ្ធផលជាប់បានយូរពី ១២ខែ ទៅ ១៨ខែ ដែលជាផ្នែកដ៏សំខាន់ សម្រាប់ការទាក់ទាញ ។ 

 

ការប៉ាក់ និងផ្លុំចិញ្ចើម គឺត្រូវឆូតឱ្យដាច់ស្បែកនៅបរិវេណចិញ្ចើមរបស់អ្នក ហើយត្រូវដាក់ផ្សាំពណ៌ ចូលទៅក្នុងកន្លែងឆូតនោះ ។ មានចំណុចសំខាន់ៗមួយចំនួន ដែលអ្នកគូរស្វែងយល់ស្ដីពីការថែទាំក្រោយការប៉ាក់ចិញ្ចើម ប្រសិនបើអ្នកមានបំណងទទួលការប៉ាក់ និងផ្លុំចិញ្ចើម ។ ក្រោយការប៉ាក់ចិញ្ចើម ស្បែករបស់អ្នក ងាយនឹងទទួលរងការឈឺចាប់ ហើយអ្នកនឹងត្រូវជៀសវាងការប៉ះពាល់បរិវេណនោះ ឬធ្វើឱ្យបរិវេណនោះសើមឱ្យបានរយៈពេល ១០ ថ្ងៃក្រោយការព្យាបាលរបស់អ្នក ។

របៀបថែទាំស្បែកក្រោយការប៉ាក់ និងផ្លុំចិញ្ចើម

ការថែទាំបរិវេណស្បែក ដែលបានធ្វើការប៉ាក់ និងផ្លុំចិញ្ចើម គឺស្រដៀងនឹងការថែទាំស្បែក ក្រោយការសាក់រូបអញ្ចឹងដែរ។ ពណ៌ ដែលផ្សាំនៅត្រង់ចិញ្ចើមភ្លាមៗនោះ នឹងប្រែទៅជាក្រម៉ៅ ហើយស្បែកផ្នែកខាងក្រោម នឹងប្រែទៅជាក្រហម។ រយៈពេលពីរម៉ោង ក្រោយការប៉ាក់ និងផ្លុំចិញ្ចើម អ្នកគួរប្រើសំឡីស្ងួតជ្រលក់ទៅក្នុងទឹកសម្លាប់មេរោគ ហើយជូតត្រង់បរិវេណនោះ ។ វិធីនេះ ជួយបំបាត់ភាពប្រតាកនៃទឹកថ្នាំពណ៌ នៅលើចិញ្ចើមរបស់អ្នក ។ ម្យ៉ាងទៀត វានឹងជួយឱ្យបរិវេណនោះស្អាត គ្មានមេរោគ។ វានឹងត្រូវប្រើពេលពី ៧ ទៅ ១៤ ថ្ងៃដើម្បីឱ្យស្បែកត្រង់បរិវេណប៉ាក់ចិញ្ចើមនោះ ជាសះស្បើយ និងដើម្បីឱ្យពណ៌នៃចិញ្ចើមរាបស្មើធម្មតាវិញ។

 

សូមអនុវត្ដនូវវិធីទាំងនេះ ដើម្បីថែទាំស្បែកឱ្យបានត្រឹមត្រូវក្រោយការប៉ាក់ចិញ្ចើម៖

  • ត្រូវជៀសវាងកុំឱ្យបរិវេណនោះសើមឱ្យបានរយៈពេល ១០ ថ្ងៃ ដែលរួមទាំងការរក្សាមុខរបស់អ្នកឱ្យស្ងួតអំឡុងពេលងូតទឹក។
  • តមផាត់មុខ ពីព្រោះថាទឹកថ្នាំពណ៌កំពុងបន្ស៊ីទៅនឹងស្រមោលស្នាមឆូត នៅក្នុងស្បែករបស់អ្នក ដែលបានឆូត។
  • មិនត្រូវកេះក្រម៉ ខ្វាច ឬអេះត្រង់បរិវេណចិញ្ចើមនោះទេ
  • ជៀសវាងការសូណា ហែលទឹក និងធ្វើអ្វីមួយដែលនាំឱ្យបែកញើសច្រើន រហូតដល់បរិវេណនោះជាសះស្បើយទាំងស្រង់ ហើយអ្នកនឹងមានការណាត់ជួបជាមួយអ្នកជំនាញដើម្បីតាមដានអាការៈផងដែរ។
  • ត្រូវវែកសក់របស់អ្នកឱ្យផុតពីចិញ្ចើម
  • លាបក្រែមមានជាតិឱសថ ឬថ្នាំសម្រាប់ព្យាបាល ដែលអ្នកបច្ចេកទេសផ្ដល់ឱ្យ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ healthline