វីតាមីន ៥ យ៉ាង ដែលអ្នកត្រូវការចាំបាច់ដើម្បីស្បែកមានសុខភាពល្អ
ស្បែកមានសុខភាពល្អ គឺសម្រេចបានពីខាងក្នុងមក។ អ្វី ដែលអ្នកជ្រើសរើសមកញ៉ាំចូលក្នុងពោះរបស់ អុ្នក នឹងឆ្លុះបញ្ចាំងឱ្យឃើញ នៅលើស្បែករបស់អ្នក។ របបអាហារ ដែលពោរពេញទៅដោយអាហារច្នៃ តែងតែធ្វើឱ្យស្បែករបស់អ្នក មើលទៅស្រអាប់ ខ្លាញ់ច្រើន និងខូចសម្បុរ។ ប៉ុន្ដែរាងកាយរឹងមាំ ដែលសម្រេចបានពីចំណីអាហារ ដែលផ្ទុកវីតាមីនគ្រប់គ្រាន់ស្របទៅតាមការណែនាំរបស់អ្នកជំនាញ តែងតែបង្ហាញឱ្យឃើញនូវរាងកាយខាងក្រៅ ប្រកបដោយសុខភាពល្អជាង។ តើវីតាមីនអ្វីខ្លះ ដែលអ្នកត្រូវការចាំបាច់? តើវាមានប្រសិទ្ធភាពយ៉ាងណាចំពោះស្បែករបស់អ្នក? ខាងក្រោមនេះ គឺជាការបកស្រាយខ្លឹមសារមូលដ្ឋានស្ដីពីវីតាមីន និងសុខភាពស្បែក៖
១. វីតាមីន A៖ បើនិយាយដល់សារៈប្រយោជន៍ សម្រាប់ការរក្សា និងជួសជុលជាលិកាស្បែកសំខាន់ៗ វីតាមីន A គឺជាសារធាតុដ៏សំខាន់ ដើម្បីជួយឱ្យស្បែកមានសុខភាពល្អ។ ប្រសិនបើអ្នក មានវីតាមីនA មិនគ្រប់គ្រាន់ទេ ស្បែករបស់អ្នកអាចមានសភាពស្ងួត និងបែកស្រកា។ សូមទទួលយកនូវអត្ថប្រយោជន៍នៃវីតាមីន A ជាប្រចាំថ្ងៃ ស្របតាមការណែនាំរបស់អ្នកជំនាញតាមរយៈទទួលទានអាហារល្អៗដូចជា ដំឡូងឈ្វា ការ៉ុត និងប្រភេទបន្លែបៃតងក្រម៉ៅ។ យោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានជំងឺសើស្បែកអាមេរិក(American Academy of Dermatology) បានបង្ហាញថា នៅពេលត្រូវបានប្រើនៅស្បែក ឡូសិន ដែលមានផ្ទុកវីតាមីន A អាចជួយគ្រប់គ្រងការកើតមុន និងកាត់បន្ថយស្នាមជ្រីវជ្រួញ ។
២. វីតាមីន B Complex៖ តាមរយៈការរកឃើញ នៅក្នុងប្រភេទអាហារដូចជា ធញ្ញជាតិ បាយ ស៊ុត និងចេក វីតាមីន B Complex មានផ្ទុកនូវសារធាតុចិញ្ចឹម និង Biotin ដែលបង្កើតបានជាគ្រឹះកោសិកាក្រចក ស្បែក និងសក់។ វីតាមីន B Complex ត្រឹមកម្រិតតិចតួច នៅក្នុងរបបអាហាររបស់អ្នក អាចបង្កឱ្យកើតជំងឺសើស្បែក ឬជ្រុះសក់។ ក្រែម ឬឱសថសម្រាប់លាបលើដងខ្លួន ដែលផលិតជាមួយវីតាមីន B អាចធ្វើឱ្យកោសិកាស្បែកមានសំណើមភ្លាមៗ និងផ្ដល់ឱ្យស្បែកនូវភាពទន់រលោង និងមានសុខភាពល្អ។ ការប្រើក្រែមប្រភេទមួយចំនួន ដែលមានផ្ទុកវីតាមីន B ត្រូវបានអ្នកជំនាញបង្ហាញថា មានគុណសម្បត្ដិប្រឆាំងនឹងការរលាក និងធ្វើឱ្យស្បែកទន់រលោងស្អាត។
៣. វីតាមីន C ៖ សូមបំពេញរបបអាហាររបស់អ្នកជាមួយនឹងប្រភេទផ្លែឈើជូរ បន្លែផ្លែឈើពណ៌បៃតង ផ្កាខាត់ណា និងម្ទេសផ្លោក ពីព្រោះបន្ថែ និងផ្លែឈើទាំងអស់នេះសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។ វីតាមីន C ត្រូវបានគេដឹងថា មានប្រសិទ្ធភាពប្រឆាំងនឹងអាការៈគ្រុនផ្ដាសាយ នៅពេលប្រើប្រាស់វានៅលើស្បែក អាចជួយដល់ការផលិតចេញនូវ Collagen។ ម្យ៉ាងទៀត វីតាមីន C អាចកាត់បន្ថយស្នាមជ្រីវជ្រួញ បង្កើនពណ៌ស្បែក និងកាត់បន្ថយគ្រោះថ្នាក់ស្បែក ដែលបណ្ដាលមកពីពន្លឺព្រះអាទិត្យ។
៤. វីតាមីន E៖ សូមប្រើវីតាមីន E នៅលើស្បែករបស់អ្នក ដើម្បីកាត់បន្ថយការលេចចេញនូវស្នាមសម្លាក ភាពគគ្រើម និងស្បែកស្ងួត។ ដើម្បីឱ្យស្បែក មើលទៅមានសភាពទន់រលោង សូមព្យាយាមបន្ថែមគ្រាប់ផ្លែឈើ អូលាវ និងស្លឹកផ្ទីចូលទៅក្នុងរបបអាហាររបស់អ្នក ពីព្រោះអាហារទាំងនេះសម្បូរទៅដោយវីតាមីនខ្ពស់។ អាហារទាំងនេះ មិនត្រឹមតែជួយឱ្យស្បែករបស់អ្នកទន់រលោងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយឱ្យសក់របស់អ្នករលោងស្អាត និងរឹងមាំទៀតផង។ សម្រាប់ស្នាមសម្លាក ដែលគួរឱ្យរំខាន សូមលាបប្រេងវីតាមីន E នៅត្រង់សម្លាកនោះដើម្បីកាត់បន្ថយ ការលេចចេញរបស់វា។
៥. វីតាមីន K៖ វីតាមីន K អាចត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពបំផុត នៅលើស្បែក ដើម្បីកាត់បន្ថយរង្វង់ខ្មៅ និងស្នាមជាំនៅលើស្បែក។ សូមរកជាវនូវឡូសិន និងក្រែម ដែលមានផ្ទុកវីតាមីនប្រភេទនេះដើម្បីជួយកាត់បន្ថយភាពស្រអាប់នៅលើស្បែក និងជួយកាត់បន្ថយស្នាមជ្រីវជ្រួញ។ ទោះជាយ៉ាងណា របបអាហារ ដែលរួមបញ្ចូលទាំងបន្លែផ្លែឈើបៃតងក្រម៉ៅ នឹងជួយបំពេញតម្រូវការវីតាមីន K របស់អ្នក ដូច្នេះវិធីសាស្រ្ដល្អប្រសើរបំផុតសម្រាប់ស្បែករបស់អ្នក ក្នុងការទទួលបានគុណប្រយោជន៍ច្រើន គឺត្រូវប្រើវាលើដងខ្លួនរបស់អ្នក៕
អត្ថបទ៖ សារ៉ាត
ប្រភព៖ Webmd